ស្មាន់ កណ្តុរ អណ្តើក និងក្អែកបានចងមិត្តជាមួយគ្នា ហើយរស់ជាសហគមន៍ក្នុងទីស្ថានមួយដ៏ស្ងប់ស្ងាត់ឆ្ងាយពីភូមិស្ថានមនុស្សទាំងឡាយ។ ប៉ុន្តែចំមែនតែម្តង ! មនុស្សនៅតែរកកន្លែងជ្រកអាស្រ័យរបស់គេឃើញទៀត។ ទោះគេទៅពួននៅទីរហោដ្ឋាន នៅបាតសមុទ្រ ឬកណ្តាលលំហក៏គេនៅតែមិនអាចចៀសផុតពីការស្ទាក់ចាប់របស់មនុស្សដែរ។
ពេលមួយស្មាន់ដើរស្វែងរកអាហារតាមសម្មាជីវោ ស្រាប់តែឆ្កែជាឧបករណ៍មួយដ៏កំណាច បម្រើតណ្ហាព្រៃផ្សៃរបស់មនុស្ស វែកស្មៅ ដេញហិត តាមដានជើងរបស់គេ។ ដូចនេះ ស្មាន់ក៏រត់ឆ្ងាយទៅៗ។ នៅពេលបរិភោគ កណ្តុរនិយាយទៅកាន់មិត្តដទៃទៀតដែលនៅសល់ ៖ មូលហេតុអ្វីបានជាថ្ងៃនេះ យើងនៅសល់គ្នាតែបីនាក់ ? ស្មាន់គេបំភ្លេចពួកយើងអស់ហើយមែនឬទេ ? ពេលនោះអណ្តើកឧទានឡើង ៖ "ឱ ! ប្រសិនបើខ្ញុំមានស្លាបដូចក្អែក ខ្ញុំនឹងចេញទៅស្វែងយល់ យ៉ាងហោចណាស់ក៏ឲ្យដឹងថាតើមិត្តដ៏មានដំណើរស្រាលស្ងើករបស់យើងមានជួបគ្រោះថ្នាក់អ្វី នៅទីណាដែរ ព្រោះថាបើនិយាយពីទឹកចិត្ត គ្មាននរណាអាចវិនិច្ឆ័យឲ្យដឹងបានប្រសើរជាងពេលនេះទេ"។
ក្អែកក៏ហើរចេញវឹង។ វាបានមើលពីចម្ងាយទៅឃើញស្មាន់ ធ្វេសទៅជាប់អន្ទាក់ ហើយកំពុងទធាក់រើបម្រះ។ ក្អែកត្រឡប់វឹងមកប្រាប់គ្នីគ្នាភ្លាម ព្រោះថា បើទៅសួរនាំស្មាន់ថា តើរឿងឧបទ្រពនេះកើតឡើងពីពេលណា ដោយសារមូលហេតុអ្វី និងបែបណានោះ គឺជាការខាតពេលដ៏មានប្រយោជន៍ដោយសារតែវាចាឥតប្រយោជន៍ ដែលគ្រូនៅតាមសាលាខ្លះ តែងទម្លាប់ធ្វើកន្លងមកក្នុងការវិនិច្ឆ័យ។
ផ្អែកលើរបាយការណ៍របស់ក្អែក មិត្តទាំងបីក៏ពិភាក្សាគ្នា មិត្តពីរយល់ព្រមនឹងគ្នាថា ត្រូវរកមធ្យោបាយចម្លងគ្នាជាបន្ទាន់ទៅកាន់កន្លែងដែលស្មាន់ជាប់អន្ទាក់។ អ្នកទីបី ក្អែកពោល ត្រូវនៅចាំកន្លែង ៖ “បើតាមដំណើរយឺតៗរបស់គេនោះ តើពេលណាទើបទៅដល់? បើដល់ក៏ក្រោយពីស្មាន់ស្លាប់បាត់ទៅហើយដែរ”។ អណ្តើកចង់ជួយមិត្តដូចគេដែរ។ នុះគេចេញដំណើរទៅនឹងគេហើយ។ ជាការត្រឹមត្រូវណាស់ដែលគេក្តៅក្រហាយនឹងជើងខ្លីៗ ហើយនិងភាពចាំបាច់ ដែលត្រូវអូសលំនៅជាប់តាមខ្លួនទៅជាមួយផង។
ចៅកកេរ (កណ្តុរ សមនឹងត្រូវបានទទួលនាមនេះណាស់) ខំកាត់ខ្សែអន្ទាក់ ៖ “គេអាចគិតទៅដល់ការរីករាយបានហើយ”។
លុះព្រានព្រៃមកដល់ គេនិយាយ “ចុះនរណាមករំដោះអាហារខ្ញុំ?” ឮសូរវាចានេះ ចៅកកេរក៏រត់ទៅពួនក្នុងរូងមួយ ក្អែកលើដើមឈើមួយ ស្មាន់ក្នុងគម្ពោតមួយ។ ព្រានព្រៃខឹងស្ទើរឆ្កួត ដោយគ្មានឃើញអ្វីទាំងអស់។ ងាកចុះងាកឡើង គេប្រទះឃើញ អណ្តើកក៏ទប់កំហឹង។ "តើមានអ្វីគួរឲ្យភ័យព្រួយ? វានេះក៏អាចបំពេញឆ្នាំងខ្ញុំបានដែរតើ”។ ព្រានរើសអណ្តើកដាក់ក្នុងស្បោង។
អណ្តើកនឹងត្រូវរងគ្រោះជំនួសអ្នកឯទៀត ប្រសិនបើក្អែកមិនប្រាប់ដល់ស្មាន់។ ស្មាន់ចេញពីកន្លែងពួនភ្លាម។ វាបង្ហាញខ្លួនឲ្យព្រានព្រៃឃើញ ហើយធ្វើឫកជាបាក់ជើង។ ព្រានដេញតាមឥតបង្អង់ ដោយបោះចោលអ្វីៗទាំងអស់ដែលគេយល់ថាទើសទែង៖ ដូចនេះ ចៅកកេរក៏ចាប់ផ្តើមធ្វើការភ្លាមដោយកកេរកាត់ខ្សែចងមាត់ស្បោង ដើម្បីរំដោះមិត្តមួយទៀតដែលព្រានប្រុងយកទៅធ្វើម្ហូប។ ចៅកកេរជាវីរជនចម្បង ថ្វីបើក្នុងទីនេះម្នាក់ៗសុទ្ធតែចាំបាច់។ អ្នកអូសលំនៅមកជាមួយក៏មានចំណែកក្នុងកិច្ចការនេះ ដូចចៅក្អែកដែលបំពេញភារកិច្ចជាចារជន និងជានីរសារដែរ។ ចៅស្មាន់ក៏ប៉ិនប្រសប់ ក្នុងការបង្វែងដានព្រាន ទុកពេលឲ្យចៅកកេរធ្វើការ។ ម្នាក់ៗសុទ្ធតែមាននាទីក្នុងការធ្វើអន្តរាគមន៍ បញ្ចេញប្រតិកម្ម និងបំពេញការងារ។
ដូចនេះតើនរណាសមនឹងត្រូវបានទទួលរង្វាន់? បើតាមយោបល់ខ្ញុំ គឺបេះដូង។