top
logo

ចំនួនអ្នកទស្សនា

033096
Today116
Yesterday115
This Week357
This Month931
All Days33096
38.107.191.89
US


លេខទូរស័ព្ទសង្គ្រោះបន្ទាន់ មន្ទីរពេទ្យសាធារណៈនៅភ្នំពេញ
d

១. រថយន្តសាមុយ មន្ទីរពេទ្យ​កាល់ម៉ែត= 119
២. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​រុស្ស៊ី= 023 217 764
= វិទ្យុទាក់ទង (151940)
៣. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​ព្រះសង្ឃ= 016 909 774
៤. លេខប្រចាំការ (Hot Line) គ្រុនផ្ដាសាយ A(H1N1)= 012 488 981
= 012 836 868

រឿង៖ ស្មាន់ កណ្តុរ អណ្តើក និងក្អែក បោះពុម្ភ  សារអេឡិចត្រូនិច
ព្រហស្បតិ, 19 វិច្ឆិកា 2009 07:35

ស្មាន់ កណ្តុរ អណ្តើក និងក្អែក​បានចង​មិត្ត​ជាមួយគ្នា ហើយ​រស់ជា​សហគមន៍​ក្នុង​ទីស្ថាន​មួយ​ដ៏​ស្ងប់ស្ងាត់​ឆ្ងាយពី​ភូមិស្ថាន​មនុស្ស​ទាំងឡាយ។ ប៉ុន្តែ​ចំមែន​តែម្តង ! មនុស្ស​នៅតែ​រក​កន្លែង​ជ្រក​អាស្រ័យ​របស់គេ​ឃើញ​ទៀត។ ទោះ​គេ​ទៅ​ពួន​នៅ​ទី​រហោដ្ឋាន នៅ​បាតសមុទ្រ ឬ​កណ្តាល​លំហ​ក៏​គេ​នៅតែ​មិនអាច​ចៀសផុត​ពី​ការស្ទាក់​ចាប់​របស់​មនុស្ស​ដែរ។

ពេលមួយ​ស្មាន់​ដើរ​ស្វែងរក​អាហារ​តាម​សម្មាជីវោ ស្រាប់តែ​ឆ្កែ​ជា​ឧបករណ៍​មួយ​ដ៏​កំណាច បម្រើ​តណ្ហា​ព្រៃផ្សៃ​របស់មនុស្ស វែក​ស្មៅ ដេញ​ហិត តាម​ដានជើង​របស់គេ។ ដូចនេះ ស្មាន់​ក៏​រត់​ឆ្ងាយ​ទៅៗ។ នៅពេល​បរិភោគ កណ្តុរ​និយាយ​ទៅកាន់​មិត្ត​ដទៃ​ទៀត​ដែល​នៅសល់ ៖ មូលហេតុ​អ្វី​បានជា​ថ្ងៃនេះ យើង​នៅសល់​គ្នា​តែ​បីនាក់ ? ស្មាន់​គេ​បំភ្លេច​ពួកយើង​អស់ហើយ​មែន​ឬទេ ? ពេលនោះ​អណ្តើក​ឧទាន​ឡើង ៖  "ឱ ! ប្រសិនបើ​ខ្ញុំ​មាន​ស្លាប​ដូច​ក្អែក ខ្ញុំ​នឹងចេញ​ទៅ​ស្វែងយល់ យ៉ាងហោច​ណាស់​ក៏​ឲ្យ​ដឹង​ថាតើ​មិត្ត​ដ៏​មាន​ដំណើរ​ស្រាលស្ងើក​របស់យើង​មាន​ជួប​គ្រោះថ្នាក់​អ្វី នៅ​ទីណា​ដែរ ព្រោះថា​បើ​និយាយ​ពី​ទឹកចិត្ត គ្មាន​នរណា​អាច​វិនិច្ឆ័យ​ឲ្យ​ដឹងបាន​ប្រសើរ​ជាង​ពេលនេះ​ទេ"។

ក្អែក​ក៏​ហើរចេញ​វឹង។ វា​បានមើល​ពី​ចម្ងាយទៅ​ឃើញ​ស្មាន់ ធ្វេស​ទៅជាប់​អន្ទាក់ ហើយ​កំពុងទធាក់​រើបម្រះ។ ក្អែក​ត្រឡប់​វឹង​មក​ប្រាប់​គ្នីគ្នា​ភ្លាម ព្រោះថា បើ​ទៅ​សួរនាំ​ស្មាន់​ថា តើ​រឿង​ឧបទ្រព​នេះ​កើតឡើង​ពីពេលណា ដោយសារ​មូលហេតុ​អ្វី និង​បែបណា​នោះ គឺជា​ការខាត​ពេល​ដ៏​មាន​ប្រយោជន៍​ដោយសារ​តែ​វាចា​ឥត​ប្រយោជន៍ ដែល​គ្រូ​នៅ​តាម​សាលា​ខ្លះ តែង​ទម្លាប់​ធ្វើ​កន្លងមក​ក្នុង​ការវិនិច្ឆ័យ។

ផ្អែកលើ​របាយការណ៍​របស់​ក្អែក មិត្ត​ទាំងបី​ក៏​ពិភាក្សា​គ្នា មិត្ត​ពីរ​យល់ព្រម​នឹងគ្នា​ថា ត្រូវ​រក​មធ្យោបាយ​ចម្លងគ្នា​ជាបន្ទាន់​ទៅកាន់​កន្លែង​ដែល​ស្មាន់​ជាប់​អន្ទាក់។  អ្នក​ទីបី ក្អែក​ពោល ត្រូវ​នៅចាំ​កន្លែង ៖ “បើ​តាម​ដំណើរ​យឺតៗ​របស់គេ​នោះ តើ​ពេលណា​ទើប​ទៅដល់? បើ​ដល់​ក៏​ក្រោយពី​ស្មាន់​ស្លាប់​បាត់ទៅហើយ​ដែរ”។ អណ្តើក​ចង់​ជួយ​មិត្ត​ដូចគេ​ដែរ។ នុះ​គេ​ចេញដំណើរ​ទៅ​នឹងគេ​ហើយ។ ជា​ការត្រឹមត្រូវ​ណាស់​ដែល​គេ​ក្តៅ​ក្រហាយ​នឹង​ជើង​ខ្លីៗ ហើយ​និង​ភាពចាំបាច់ ដែល​ត្រូវ​អូស​លំនៅ​ជាប់​តាមខ្លួន​ទៅជាមួយ​ផង។

ចៅ​កកេរ (កណ្តុរ សមនឹង​ត្រូវបាន​ទទួល​នាម​នេះ​ណាស់) ខំ​កាត់​ខ្សែអន្ទាក់ ៖ “គេ​អាច​គិត​ទៅដល់​ការរីករាយ​បានហើយ”។

លុះ​ព្រានព្រៃ​មកដល់ គេ​និយាយ “ចុះ​នរណា​មក​រំដោះ​អាហារ​ខ្ញុំ?” ឮ​សូរ​វាចា​នេះ ចៅ​កកេរ​ក៏​រត់ទៅ​ពួន​ក្នុង​រូង​មួយ ក្អែក​លើ​ដើមឈើ​មួយ ស្មាន់​ក្នុង​គម្ពោត​មួយ។ ព្រានព្រៃ​ខឹង​ស្ទើរ​ឆ្កួត ដោយ​គ្មាន​ឃើញ​អ្វី​ទាំងអស់។ ងាកចុះងាកឡើង គេ​ប្រទះ​ឃើញ អណ្តើក​ក៏​ទប់​កំហឹង។ "តើ​មាន​អ្វី​គួរឲ្យ​ភ័យព្រួយ? វា​នេះ​ក៏​អាច​បំពេញ​ឆ្នាំង​ខ្ញុំ​បានដែរ​តើ”។ ព្រាន​រើស​អណ្តើក​ដាក់​ក្នុង​ស្បោង។

អណ្តើក​នឹង​ត្រូវរងគ្រោះ​ជំនួស​អ្នកឯទៀត ប្រសិនបើ​ក្អែក​មិនប្រាប់​ដល់​ស្មាន់។ ស្មាន់​ចេញពី​កន្លែង​ពួន​ភ្លាម។ វា​បង្ហាញខ្លួន​ឲ្យ​ព្រានព្រៃ​ឃើញ ហើយ​ធ្វើឫក​ជា​បាក់ជើង។ ព្រាន​ដេញតាម​ឥត​បង្អង់ ដោយ​បោះចោល​អ្វីៗ​ទាំងអស់​ដែល​គេ​យល់ថា​ទើសទែង៖ ដូចនេះ ចៅ​កកេរ​ក៏​ចាប់ផ្តើម​ធ្វើការ​ភ្លាម​ដោយ​កកេរ​កាត់​ខ្សែ​ចង​មាត់ស្បោង ដើម្បី​រំដោះ​មិត្ត​មួយទៀត​ដែល​ព្រាន​ប្រុង​យកទៅ​ធ្វើម្ហូប។ ចៅ​កកេរ​ជា​វីរជន​ចម្បង ថ្វីបើ​ក្នុង​ទីនេះ​ម្នាក់ៗ​សុទ្ធតែ​ចាំបាច់។ អ្នក​អូស​លំនៅ​មក​ជាមួយ​ក៏​មាន​ចំណែក​ក្នុង​កិច្ចការ​នេះ ដូច​ចៅ​ក្អែក​ដែល​បំពេញ​ភារកិច្ច​ជា​ចារជន និង​ជា​នីរសារ​ដែរ។ ចៅ​ស្មាន់​ក៏​ប៉ិនប្រសប់ ក្នុងការ​បង្វែងដាន​ព្រាន ទុកពេល​ឲ្យ​ចៅកកេរ​ធ្វើការ។ ម្នាក់ៗសុទ្ធតែមាននាទីក្នុងការធ្វើអន្តរាគមន៍ បញ្ចេញប្រតិកម្ម និងបំពេញការងារ។

ដូចនេះ​តើ​នរណា​សមនឹង​ត្រូវបាន​ទទួល​រង្វាន់? បើតាម​យោបល់ខ្ញុំ គឺ​បេះដូង។

(ប្រែសម្រួលពីអត្ថបទដើមសរសេរជាពាក្យកាព្យ សៀវភៅទី XII ល្បើកទី១៥របស់កវីនិពន្ធសង់ឌីឡាផុង តែន)
 

bottom
top
bottom

ផលិតដោយ krookroo.com.