|
មានមនុស្សពីរនាក់ទៀតស្លាប់ដោយជម្ងឺផ្ដាសាយថ្មី AH1N1 |
|
|
|
ព្រហស្បតិ, 08 តុលា 2009 12:17 |
មនុស្សចំនួនពីរនាក់ទៀតបានស្លាប់ក្នុងថ្ងៃបន្តបន្ទាប់គ្នា ជាការកត់សម្គាល់ករណីស្លាប់ទី៣ដោយសារជម្ងឺផ្ដាសាយ AH1N1 ក្នុងប្រទេសកម្ពុជា។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍នៅល្ងាចថ្ងៃអង្គារ ទី៦ ខែ តុលា ឆ្នាំ ២០០៩ កន្លងមកថា មានស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់នៅថ្ងៃនេះក្នុងមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែទារកក្នុងពោះរបស់ស្ត្រីរូបនោះត្រូវពេទ្យសង្គ្រោះបាន។ លោកបន្តថា នៅថ្ងៃទី ៥ ខែ តុលា កន្លងមកនេះ ក៏មានបុរសម្នាក់ស្លាប់ដោយសារជម្ងឺនេះផងដែរ។
លោកបន្តថា “នេះជាការស្លាប់លើកទី៣ហើយនៅកម្ពុជា ដោយពួកគេមានជម្ងឺរ៉ាំរ៉ៃ និងមានផ្ទៃពោះ ជាមុខសញ្ញាប្រឈមមុខធ្ងន់ធ្ងរចំពោះសុខភាព បន្ទាប់ពីពួកគេឆ្លងជម្ងឺនេះ”។ លោកបន្តថា អ្នកស្លាប់ករណីទី១ គាត់ធ្លាប់មានជម្ងឺសួត អ្នកទី២ធ្លាប់មានជម្ងឺលើសឈាម និងទី៣ ជាស្ត្រីមានផ្ទៃពោះ។
បុរសស្លាប់ករណីទី២ កាលពីថ្ងៃ ចន្ទ មានឈ្មោះ ជួន វ៉ាន់ថន អាយុ៤១ឆ្នាំ គាត់ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យកាលពីថ្ងៃទី ២ ខែ តុលា និងស្លាប់នៅថ្ងៃទី ៥ ខែ តុលា។ បុរសរូបនោះរស់នៅភូមិទី៤ ផ្លូវលេខ ១០១ សង្កាត់បឹងកេងកង ខណ្ឌចំការមន។ ចំណែកករណីទី២ ឈ្មោះ ឌុក សុគន្ធា ភេទស្រី អាយុ២៥ឆ្នាំ មានផ្ទៃពោះ៧ខែ បានចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២៩ ខែ កញ្ញា ហើយត្រូវបានមន្ទីរពិសោធន៍បញ្ជាក់ថាមានជម្ងឺនេះនៅថ្ងៃទី៣០ ខែ កញ្ញា កន្លងមក។
យោងតាមមន្ត្រីមន្ទីរពេទ្យកាល់ម៉ែត កន្លែងដែលស្ត្រីរូបនោះបានស្លាប់បានបញ្ជាក់ថា ដោយមើលឃើញ ស្ថានភាពសុខភាពស្ត្រីរូបនោះមិនអំណោយផល គ្រូពេទ្យបានសម្រេចវះយកទារកក្នុងពោះស្ត្រីនោះចេញនៅថ្ងៃទី៤ ខែ តុលា ហើយនៅថ្ងៃទី ៦ ខែ តុលា កន្លងមកនេះស្ត្រីរូបនោះបានស្លាប់។
លោករដ្ឋមន្ត្រីសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងកំពុងធ្វើយ៉ាងណាឱ្យប្រជាជនយល់ច្រើនពីវិធានការការពារកុំឱ្យឆ្លងជម្ងឺនេះ ដោយអនុវត្តវិធានការបង្ការ គឺកុំខាកស្ដោះនៅទីសាធារណៈ ឧស្សាហ៍លាងដៃជាមួយសាប៊ូ ពាក់ម៉ាស់ កុំនៅកន្លែងមានមនុស្សកុះករច្រើន។
លោកបន្តថា “បើប្រជាជនឈឺដោយសារជម្ងឺនេះ សូមសម្រាកនៅផ្ទះផឹកទឹកឱ្យបានច្រើន និងលេបថ្នាំបញ្ចុះកម្ដៅ”។ លោកបន្ថែមថា “យើងកំពុងខិតខំទប់ស្កាត់ ដោយធ្វើយ៉ាងណាកុំឱ្យជម្ងឺនេះរីករាលដាលជាទ្រង់ទ្រាយធំ ដូច្នេះការធ្វើអនាម័យមានសារសំខាន់ណាស់ក្នុងការទប់ស្កាត់ជម្ងឺនេះកុំឱ្យរីករាលដាល”។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្តថា យើងមានការព្រួយបារម្ភនៅពេលបុណ្យអុំទូកខាងមុខដែលមានមនុស្សជួបជុំគ្នាច្រើន ដូច្នេះអ្នកឈឺសូមសម្រាកនៅផ្ទះ កុំចេញក្រៅហើយអនុវត្តតាមស្ពតទូរទស្សន៍ដែលយើងបានចាក់ផ្សាយរាល់ថ្ងៃ និងទូរស័ព្ទមកលេខប្រចាំការរបស់យើងគឺ ១១៥ ។
លោកបន្តថា អ្នកប្រឈមមុខនឹងភាពធ្ងន់ធ្ងរនៃជម្ងឺនេះស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺរ៉ាំរ៉ៃដូចជាជម្ងឺហឺត ទឹកនោមផ្អែម លើសឈាម និងជម្ងឺបេះដូងជាដើម។
លោកវេជ្ជបណ្ឌិត នីម៉ា អាហ្គារី (Nima ASGARI) អ្នកជំនាញសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ប្រាប់ក្រុមគ្រូពេទ្យមកពីគ្លីនិកឯកជននានានៅជុំវិញរាជធានីភ្នំពេញថា ការសិក្សាបានបង្ហាញថា អ្នកដែលប្រឈមមុខខ្លាំងជាងគេដោយសារជម្ងឺនេះ គឺកុមារចាប់ពីអាយុ ០ ដល់ ៤ឆ្នាំ បន្ទាប់មកកុមារចាប់ពីអាយុ ៥ ឆ្នាំ ដល់ ១៤ ឆ្នាំ ឈឺច្រើនជាងគេ។
លោកបន្តថា “ទោះជាយ៉ាងណា ជម្ងឺនេះមិនមានភាពធ្ងន់ធ្ងរទេ អ្នកជម្ងឺអាចជាវិញដោយខ្លួនឯង ប៉ុន្តែអ្នកដែលឆ្លងជម្ងឺនោះ ហើយវិវត្តន៍ទៅធ្ងន់ធ្ងរ គឺកុមារ ស្ត្រីមានផ្ទៃពោះ និងអ្នកមានជម្ងឺប្រចាំកាយ”។ លោកបន្តថា អ្នកឆ្លងជម្ងឺនេះ មានអត្រាស្លាប់មួយភាគរយប៉ុណ្ណោះ។
នៅកម្ពុជាគិតត្រឹមថ្ងៃ ចន្ទ ទី ៥ ខែ តុលា កន្លងមកនេះ មានមនុស្សចំនួន ១២០នាក់ហើយដែលបានរកឃើញថាបានឆ្លងជម្ងឺនេះ៕
(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ៧ លេខ ៥០១៤ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០០៩) |